រយៈពេល ៣ ខែ ចុង​ក្រោយ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រហូត​ដល់ ៧៧ នាក់ នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ពេល​ថ្មីៗ នេះ។

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ លើកឡើង​ថា រយៈពេល​ជាង ៣ ខែ កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ដកស្រង់​បទ​ពិសោធ ដោយ​មិន​ផាក​ពិន័យ​ចំពោះ​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​បញ្ច្រាស​ទិស មិន​ពាក់​មួក​សុវត្ថិភាព ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ និង បើក​លើស​ល្បឿន​កំណត់ ឡើយ។

លោក​បញ្ជាក់​ថា រយៈពេល ៣ ខែ ចុង​ក្រោយ​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រហូត​ដល់ ៧៧ នាក់ នៅ​រាជធានី​ភ្នំពេញ។ ហេតុ​ដូចនេះ លោក នឹង​ធ្វើការ​ស្នើសុំ​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឡើងវិញ ដើម្បី​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍។

លោក​បន្ត​ទៀត​ថា នេះ​ជា​ការ​សាកល្បង ដោយ​គ្មាន​មន្ត្រី​ចរាចរណ៍​អនុវត្ត​ផាក​ពិន័យ​ទេ គ្រាន់តែ​អប់រំ​ណែនាំ​ប៉ុណ្ណោះ។ មន្ត្រី​ចរាចរណ៍​ទាំងអស់ គ្រាន់តែ​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​សាកល្បង​មិន​មាន​មន្ត្រី​អនុវត្ត​ច្បាប់​នោះ​ទេ នៅតែ​មាន​អ្នក​ល្មើសច្បាប់​ច្រើន​ជាង​មុន​ទៅ​ទៀត ខ្លះ​ទៀត​រហូត​ដល់​បាត់បង់​អាយុជីវិត​ទៀត​ផង។

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ ក៏បាន​សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទាំងអស់ សូម​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​បាត់បង់​អាយុ​ជីវិត៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed