លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសប្រើវិធានថ្មីលើម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ដោយត្រូវឃាត់ដកហូតមករក្សាទុកដូចករណីបង្ហោះម៉ូតូដែរ ដើម្បីទទួលការពិន័យ និងកាត់បន្ថយការរំខានជាសាធារណៈ។ លោក ជួន ណារិន្ទ ថា បញ្ហាម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង កំពុងក្លាយជាបញ្ហាដែលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។
ការព្រមានដកហូតម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងមករក្សាទុកបណ្ដោះអាសន្ននេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា បន្ទាប់ពីលោកមើលឃើញថា ការឃាត់អប់រំហាក់មិនមានប្រសិទ្ធិភាព ហើយកំពុងបង្កភាពអាណាធិបតេយ្យលើដងផ្លូវ ធ្វើឲ្យមានភាពគ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈនៅពេលបច្ចុប្បន្ន។
លោក ជូន ណារិន្ទ បញ្ជាក់ថា តាមការចុះត្រួតពិនិត្យជាបន្តបន្ទាប់របស់សមត្ថកិច្ច បញ្ហាម៉ូតូកែច្នៃត្រូវបានរកឃើញច្រើននៅតំបន់ទីប្រជុំជន និងតាមមហាវិថីធំៗ ជាពិសេសពេលយប់ អ្នកបើកបរមួយចំនួនកែច្នៃម៉ូតូរបស់ខ្លួនឱ្យមានសំឡេងរំខានខ្លាំង បង្កសំឡេងរំខានដល់អ្នករស់នៅជុំវិញ ជាពិសេសភ្ញៀវទេសអន្តរជាតិដែលមកកម្សាន្ដក្នុងរាជធានីភ្នំពេញ។
លោកស្នងការក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវមានការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់យានយន្ត ឲ្យមានវិន័យ សុវត្ថិភាព តាមបទបញ្ជាចរាចរណ៍ និងគោរពច្បាប់សាធារណៈ។ បញ្ហាម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង មិនត្រឹមតែជាបញ្ហារបស់សមត្ថកិច្ចទេ ប៉ុន្តែជាបញ្ហាសង្គមសរុប ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពស្ងប់ស្ងាត់ក្នុងសង្គម៕

