រយៈពេល ៣ ខែ ចុងក្រោយនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង បណ្ដាលឲ្យមនុស្សស្លាប់រហូតដល់ ៧៧ នាក់ នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាពេលថ្មីៗ នេះ។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ លើកឡើងថា រយៈពេលជាង ៣ ខែ កម្លាំងសមត្ថកិច្ច បានធ្វើការដកស្រង់បទពិសោធ ដោយមិនផាកពិន័យចំពោះយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក បើកបរបញ្ច្រាសទិស មិនពាក់មួកសុវត្ថិភាព ល្មើសភ្លើងសញ្ញាចរាចរណ៍ និង បើកលើសល្បឿនកំណត់ ឡើយ។
លោកបញ្ជាក់ថា រយៈពេល ៣ ខែ ចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង បណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់ ៧៧ នាក់ នៅរាជធានីភ្នំពេញ។ ហេតុដូចនេះ លោក នឹងធ្វើការស្នើសុំទៅលោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍។
លោកបន្តទៀតថា នេះជាការសាកល្បង ដោយគ្មានមន្ត្រីចរាចរណ៍អនុវត្តផាកពិន័យទេ គ្រាន់តែអប់រំណែនាំប៉ុណ្ណោះ។ មន្ត្រីចរាចរណ៍ទាំងអស់ គ្រាន់តែជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ប៉ុន្តែការសាកល្បងមិនមានមន្ត្រីអនុវត្តច្បាប់នោះទេ នៅតែមានអ្នកល្មើសច្បាប់ច្រើនជាងមុនទៅទៀត ខ្លះទៀតរហូតដល់បាត់បង់អាយុជីវិតទៀតផង។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិត៕

