ផាងង៉ា, ថៃឡង់ដ៍៖ ប្តីប្រពន្ធជនជាតិអាឡឺម៉ង់មួយគូ បានទទួលរងរបួសនៅក្នុងការវាយប្រហារមួយនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅម្ដុំផ្លូវខៅវុង (Soi Khao Wong) ក្នុងតំបន់ទេសចរណ៍ខៅឡាក់ (Khao Lak) ឃុំខឹកកាក់ (Khuekkhak) ខេត្តផាងង៉ា (Phang Nga) កាលពីម៉ោង ១៖៣០នាទីទៀបភ្លឺថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ ២០២៥ ។
ជនដៃដល់បានធ្វើសកម្មភាពលបលួចចូលក្នុងផ្ទះជនរងគ្រោះ ដោយគាស់ដំបូលក្បឿង និងទម្លាក់ខ្លួនតាមពិដានផ្ទះបាយ មុនពេលធ្វើសកម្មភាពវាយប្រហារលើជនរងគ្រោះដោយប្រើប្រាស់ដបស្រា អំឡុងជនរងគ្រោះកំពុងគេងលង់លក់ ។
ជនរងគ្រោះទាំងពីរមានឈ្មោះ ថូម៉ាស (Thomas) អាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ីត (Beate) អាយុ៥៨ឆ្នាំ ទទួលរងរបួសត្រង់ក្បាល ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខៅឡាក់ (Khao Lak)។ ក្រោយធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនតាមបង្អួចផ្ទះបាយ ហើយប្តីប្រពន្ធបាននិយាយថា ពួកគេមិនបានឃើញមុខរបស់ជនបង្កនោះទេ ។
សមត្ថកិច្ចបានរកឃើញដបស្រា និងដានប្រឡាក់ឈាមនៅទីកន្លែងកើតហេតុ ហើយកំពុងប្រមូល DNA និងភស្តុតាងស្នាមមេដៃដើម្បីធ្វើការស៊ើបអង្កេត ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ៕


